Reddit ប្រើ AI បង្កើនសមត្ថភាពស្វែងរកឱ្យកាន់តែខ្លាំង
បច្ចេកវិទ្យា AI ថ្មីនឹងជួយឱ្យការស្វែងរកក្នុង Reddit កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់

បច្ចុប្បន្ននេះ បើយើងចង់រកចម្លើយដែលចេញពីបទពិសោធន៍ពិតៗរបស់មនុស្ស យើងច្រើនតែទៅរកមើលក្នុង Reddit។ ដោយសារមើលឃើញឱកាសនេះ Reddit បានសម្រេចចិត្តបោះទុនវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យា AI ដើម្បីប្រែក្លាយខ្លួនពីវេទិកាពិភាក្សាធម្មតា ទៅជាម៉ាស៊ីនស្វែងរកឆ្លាតវៃវិញម្តង។
អ្វីដែលប្លែកសម្រាប់អ្នកប្រើប្រាស់នោះគឺ កាលពីមុន ពេលយើងវាយស្វែងរកអ្វីមួយក្នុង Reddit លទ្ធផលដែលចេញមកគឺរញ៉េរញ៉ៃ និងពិបាករកខ្លឹមសារសំខាន់។ ប៉ុន្តែជាមួយបច្ចេកវិទ្យាថ្មីដែលសហការជាមួយ Google នេះ Reddit នឹងប្រើ AI សម្រាប់សង្ខេបមតិយោបល់រាប់ពាន់មកជាចម្លើយខ្លីខ្លឹមតែមួយ។ មានន័យថា បើយើងសួររកបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទម៉ូដែលណាមួយ AI នឹងអានមតិយោបល់របស់អ្នកប្រើប្រាស់ផ្សេងៗ រួចប្រាប់យើងភ្លាមថាចំណុចល្អមានអ្វីខ្លះ ហើយចំណុចអាក្រក់មានអ្វីខ្លះ។
មេធំរបស់ Reddit យល់ថា Google អាចនឹងពូកែរកព័ត៌មានទូទៅ ប៉ុន្តែ Reddit គឺជាកន្លែងតែមួយគត់ដែលមានការជជែកគ្នាពិតៗរវាងមនុស្ស និងមនុស្ស។ ការប្រើ AI មកជួយរៀបចំទិន្នន័យទាំងនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានចម្លើយដែលគួរឱ្យជឿជាក់ជាងមុន មិនមែនជាអត្ថបទផ្សាយពាណិជ្ជកម្មដែលគេរៀបចំទុកនោះទេ។
ក្រៅពីការស្វែងរក Reddit ក៏បានពង្រីកសេវាកម្មរបស់ខ្លួនទៅជាច្រើនភាសា និងកំពុងទទួលបានចំណូលយ៉ាងច្រើនពីការលក់ទិន្នន័យទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗសម្រាប់យកទៅបង្ហាត់ AI ផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា ទិន្នន័យដែលមនុស្សជជែកគ្នារាល់ថ្ងៃ គឺជាមាសប្រាក់ដ៏មានតម្លៃបំផុតនៅក្នុងសម័យកាលនេះ។
Reddit កំពុងដើរតួនាទីជាបណ្ណាល័យចម្លើយដ៏ធំជាងគេលើលោក ដែលមានទាំង AI ជួយសម្រួល និងមានបទពិសោធន៍ពិតពីមនុស្សជួយបញ្ជាក់។


